វិទ្យាល័យប្រៈសាទវិទ្យាខាន (វិទ្យាគារ) ជាវិទ្យាល័យមួយស្ថិតនៅក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ្រ មានចម្ងាយ ៤០ គីឡូម៉ែត្រពីព្រំដែនខ្មែរថៃ ច្រកអូស្មាច់ ។ វិទ្យាល័យមានសិស្សជាងបីពាន់នាក់ និងមានគ្រូប្រមាណ ១៤០ នាក់ ក្នុងនោះមានគ្រូបរទេសចំនួន ១៤ នាក់ ។ ដោយសារសន្ទុះនៃការបណ្ដុះបណ្តាលភាសាខ្មែរនៅស្រុកថៃមានការកើនឡើងគួរឲ្យកត់សម្គាល់ វិទ្យាល័យត្រូវបានប្រគល់ភារកិច្ចពីក្រសួងអប់រំជាតិប្រទេសថៃជាទីស្នាក់ការកណ្ដាលក្នុងការមើលការខុសត្រូវលើការបង្រៀនភាសាខ្មែរនៅតំបន់ភូមិភាគឦសានប្រទេសថៃ ហៅកាត់ថា មជ្ឈមណ្ឌលភាសាខ្មែរ Khmer Language Center) ។ ដើម្បីឲ្យការបង្រៀននិងការសិក្សាការបង្រៀនប្រកបដោយស្ដង់ដារតាមគោលការក្រសួង វិទ្យាល័យបានបើកវគ្គបំពាក់បំប៉នខាងភាសាខ្មែរដល់គ្រូបង្រៀនភាសាខ្មែរទាំងជាតិថៃ និង ខ្មែរ ។
ពីថ្ងៃទី ២៥ ដល់ ២៦ ខែកក្កដា ឆ្នាំ ២០១៤ វគ្គបំពាក់បំប៉នការផលិតកម្មវិធីបង្រៀន បានធ្វើឡើង ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូចំនួន ២០ នាក់ មកពី ២០ សាលារៀនភូមិភាគឦសាន ។ ក្រៅពីការផ្តោតជាសំខាន់ទៅលើការផលិតកម្មវិធីសិក្សាប្រកបដោយស្តង់ដារ និងវិធីសាស្ត្របង្រៀនភាសាខ្មែរសម្រាប់ជនបរទេស សិក្ខាកាមបានទទួលការបញ្ជ្រាបអំពីសំណេរភាសាខ្មែរតាមគោលការណ៍គណៈកម្មការជាតិភាសាខ្មែរ ៖ ព្យាង្គតម្រួត ស្រៈពេញតួ និង ការប្រើពុម្ពអក្សរខ្មែរ Khmer OS Siemreap ។
No comments:
Post a Comment