ភ្នំពេញ: នៅក្នុងសម័យបច្ចុប្បន្ននេះ គោរមងារជាច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាដូចជា ឧកញ៉ា អ្នកឧកញ៉ា សម្តេច សម្តេចក្រុមព្រះ សម្តេចក្រុមហ្លួងព្រមទាំងគោរមងារជាច្រើនទៀតដែលគេប្រើក្នុងជួរព្រះសង្ឃ ទាហាន ៘
តើគោរមងារទាំងនោះមានកំណើតពីពេលណា? និងមានអត្ថន័យយ៉ាងណា? ប្រហែលជាមានមនុស្សតិចតួចណាស់ដែលបានដឹង។ ដើម្បីស្រាយបំភ្លឺបញ្ហានេះ រាជបណ្ឌិតសភាកម្ពុជាបានអះអាងថា ខ្លួនកំពុងតែធ្វើការសិក្សាទៅលើគោរមងារទាំងនេះហើយ។
លោក ស៊ុំ ឈុំប៊ុន អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា “យើងកំពុងតែ ធ្វើការសិក្សាដើម្បីឱ្យដឹងអំពីប្រវត្តិ ប្រភព និង អត្ថន័យនៃគោរមងារនីមួយៗ”។ លោកបានមានប្រសាសន៍ថា សព្វថ្ងៃនេះគោរមងារថ្មីៗហើយប្លែកៗជាច្រើនកំពុងតែត្រូវបានគេ ប្រើប្រាស់យ៉ាងទូលំទូលាយនៅគ្រប់ស្រទាប់មនុស្សនៅក្នុងសង្គម សូម្បីតែព្រះសង្ឃក៏មានច្រើនដែរ។
លោក ស៊ុំ ឈុំប៊ុន បានបន្តទៀតថា ដើម្បីឱ្យដឹងច្បាស់ថា គោរមងារទាំងនេះវាបានមកពីណា ហើយគេប្រើនោះត្រូវឬខុស វាកើតចេញនៅសម័យណាយើងកំពុងតែសិក្សា។ មកដល់សព្វថ្ងៃនេះគម្រោងសិក្សាទៅលើគោរមងារ នៅក្នុងសង្គមកម្ពុជានេះបានដំណើរការប្រមាណជា ៥០ ភាគរយហើយ។ ប៉ុន្តែ លោកក៏នៅមិនទាន់ ដឹងថា តើការសិក្សាទៅលើប្រធានបទនេះនឹងត្រូវចប់នៅក្នុងពេលណានៅឡើយទេដោយសារតែ កង្វះខាតមូលនិធិ។
តាមគម្រោងដែលបានគ្រោងទុក ការសិក្សានេះនឹងត្រូវស្វែងរកឱ្យឃើញនូវគោរមងារចាស់ៗ ដែលកម្ពុជាបានប្រើប្រាស់នៅក្នុងសម័យបុរាណហើយចែកវាទៅតាមសម័យកាលនីមួយៗ ហើយនឹងបកស្រាយនូវអត្ថន័យនូវគោរមងារនីមួយៗ។ ក្រៅពីនោះការសិក្សានេះក៏បានផ្តោត ទៅលើគោរមងារថ្មីៗដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានាសម័យបច្ចុប្បន្ននេះផងដែរ៕
No comments:
Post a Comment