វចនានុក្រមដែលចេញផ្សាយដោយវិទ្យាស្ថានភាសាជាតិ (រូបថត ៖ លាងគង់)ភ្នំពេញ ៖ រាជបណ្ឌិតសភាកាលពីពេលថ្មីៗនេះ បានចេញផ្សាយវចនានុក្រមអត្ថាធិប្បាយថ្មីមួយទៀត ដែលអត្ថាធិប្បាយពីសទិសសព្ទ និងពហុន័យសព្ទ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងវិស័យអក្សរសាស្ត្រជាតិ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម ប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា ដែលទទួលអនិច្ចកម្មទៅហើយនោះ បានបង្ហាញអារម្ភកថាក្នុងសៀវភៅនេះថា សទិសសព្ទពហុន័យសព្ទ គឺជាប្រភេទនៃវចនសព្ទដ៏សំខាន់ក្នុងភាសាខ្មែរដូចជា វេវចនសព្ទ ពាក្យរណ្ដំបរិវាសព្ទសំនួនវោហារសព្ទជាដើម។ ប្រភេទពាក្យទាំងអស់នេះស្ថិតនៅក្នុងផ្នែកមួយនៃភាសាវិទ្យា ដែលគេហៅថា និរុត្តិវិទ្យា។
នេះជាស្នាដៃដ៏សំខាន់មួយដែលនិពន្ធដោយលោក ជួរ គារី នៅក្នុងក្របខ័ណ្ឌនៃការស្រាវជ្រាវទូទៅខាងភាសាវិទ្យារបស់វិទ្យាស្ថានភាសាជាតិ។ សៀវភៅនោះជាស្នាដៃដែលអាចបំភ្លឺនូវពាក្យបុរាណដ៏យូរលង់នៃភាសារបស់ខ្មែរយើង ដោយហេតុថា ភាសាណាមានកំណកំណើតនៃសទិសសព្ទ និងពហុន័យសព្ទច្រើនបែបយ៉ាង ភាសានោះត្រូវបានគេចាត់ទុកថា ជាភាសាដែលមានអាយុកាលយឺនយូរមកហើយ។
ក្នុងអារម្ភកថា ដដែលបានបញ្ជាក់ថាវចនានុក្រមអត្ថាធិប្បាយ សទិសសព្ទពហុន័យសព្ទគ្រាន់តែជាជំហានទី១នៅក្នុងការស្រាវជ្រាវខាងនិរុត្តិវិទ្យានៃភាសាខ្មែរ ហើយដែលស្ថិតក្នុងគម្រោងនៃការស្រាវជ្រាវទូទៅខាងភាសាវិទ្យានៅក្នុងផែនការស្រាវជ្រាវអនាគតរបស់វិទ្យាស្ថានស្រាវជ្រាវភាសាជាតិ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម បានសន្និដ្ឋានដោយគូសបញ្ជាក់ថា "វចនានុក្រមអត្ថាធិប្បាយ សទិសសព្ទពហុន័យសព្ទ ជាឧបករណ៍ខាងវចនសព្ទយ៉ាងសំខាន់ដែលអាចបំភ្លឺ និងពន្យល់នូវមេពាក្យ និងសមាសពាក្យដទៃទៀតដែលមាននៅក្នុងវចនានុក្រម អក្ខរាវិរុទ្ធនៃភាសាខ្មែរ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម បានមានប្រសាសន៍ឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមកឃើញថា បញ្ហាសទិសសព្ទ មានបញ្ហាលំបាកស្មុគស្មាញដោយហេតុថា ភាសាខ្មែរយើងមានប្រវត្តិយូរយារណាស់មកហើយ គឺមានប្រវត្តិតាំងពីសម័យនៃអម្បូរភាសាមន ខ្មែររហូតដល់សម័យនៃការទទួលឥទ្ធិពលភាសាសំស្ក្រឹត និងបាលី ហើយជាទូទៅអក្ខរាវិរុទ្ធសំណួរ និងនិយមន័យនៃពាក្យនីមួយៗរមែងមានការផ្លាស់ប្ដូរ តាមបុគ្គល តាមមជ្ឈដ្ឋាន និងតាមតំបន់ផ្សេងៗទៀតផង។
លោកបណ្ឌិត អ៊ីវ ច័ន្ទ អនុប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្ដាហ៍មុនថាវចនានុក្រមនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងអស់ពីកម្លាំងកាយចិត្តរបស់អ្នករៀបរៀងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិ និងរាជបណ្ឌិតសភាកម្ពុជា ដែលការស្រាវជ្រាវនេះស្ថិតក្នុងក្របខ័ណ្ឌនៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា។
សៀវភៅវចនានុក្រមនេះ មិនមានដាក់លក់តាមតូបកាសែតឡើយ ប៉ុន្តែទំនងជាមានដាក់លក់នៅបណ្ណាគារអង្គរ ដែលធ្វើការបោះពុម្ពសៀវភៅនេះ ព្រោះការបោះពុម្ពសៀវភៅវចនានុក្រមនេះកន្លងមក ច្រើនតែចែកចាយក្នុងស្ថាប័នរដ្ឋាភិបាលព្រោះថវិកានៃការបោះពុម្ពមានកម្រិត។ សៀវភៅវចនានុក្រមនេះមានទំហំ៧៥៧ទំព័រ៕
ប្រភព៖ កាសែតរស្មីកម្ពុជា តាមរយៈ អំពីស្ត្រី
No comments:
Post a Comment